សោកស្ដាយណាស់.! មន្ត្រីបោសសំអាតមីនចំនួន ០២នាក់ បានស្លាប់ខណះពេលបំពេញភារកិច្ច..
អាស័យដ្ឋាន ទីស្នាក់ការអង្គភាព ស្ថិតនៅផ្ទះលេខ A47 ផ្លូវ 15 ក្នុងបុរីពិភពថ្មី កួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
អង្គភាព សារព័ត៌មាន KS Hotnews យើងខ្ញុំ សូមស្វាគមន៍ ចំពោះបងប្អូនប្រិយមិត្តទាំងអស់ ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តីសុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ"

សោកស្ដាយណាស់.! មន្ត្រីបោសសំអាតមីនចំនួន ០២នាក់ បានស្លាប់ខណះពេលបំពេញភារកិច្ច..

ចេញផ្សាយថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា ឆ្នាំ២០២៥
មន្ត្រីបោសសម្អាតមីនរបស់កម្ពុជាចំនួនពីរនាក់ ត្រូវបាន មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ប្រកាសថា ស្លាប់ក្នុងឧបទ្ទវហេតុអំឡុងពេលបំពេញភារកិច្ចបោសសម្អាតមីន រំដោះដីស្រែប្រជាពលរដ្ឋក្នុងភូមិត្រពាំងប្រិយ៍ ខេត្តឧត្តរមានជ័យ ដោយសារផ្ទុះមីនតោននៅព្រឹកថ្ងៃទី១៦មករា ឆ្នាំ២០២៥ ខណៈមន្ត្រីជាន់ខ្ពស់អាជ្ញាធរមីនអះអាងពីការស្វែងរកមូលហេតុនៃការផ្ទុះនោះ....។

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា «CMAC» បញ្ជាក់ថា ឧបទ្ទវហេតុផ្ទុះមីនតោននៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៧:៤៥នាទី បានបណ្តាលឱ្យអ្នកឯកទេសបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ប្រចាំទិសខេត្តឧត្តរមានជ័យ លោក ពៅ នេពីន និងលោក អឿន ចាន់ដារ៉ា ពលីជីវិតនៅក្នុងឧបទ្ទវហេតុ ដោយសារឃាតកលាក់មុខដ៏កំណាចឃោរឃៅនេះ។ ស៊ីម៉ាក់ សម្ដែងនូវការសោកស្ដាយយ៉ាងពន់ពេក និងចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់ អ្នកឯកទេសបោសសម្អាតមីន ដែលបានខិតខំបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន និងមានការគោរពអនុវត្តន៍វិន័យប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើបុព្វហេតុមនុស្សធម៌ក្នុងការរុករក និងកម្ទេចចោលគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមចេញពីទឹកដីកម្ពុជា។

យ៉ាងណា ពាក់ព័ន្ធករណីផ្ទុះនេះ លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន និងជាអ្នកនាំពាក្យ បានថ្លែងប្រាប់ នៅរសៀលថ្ងៃដដែលនេះថា ការផ្ទុះមីនតោនសម្លាប់មន្ត្រីជំនាញបោសសម្អាតមីនេះ ជាករណីកម្រកើតមានណាស់ ដោយសារមុននឹងធ្វើការបោសសម្អាតមន្ត្រីទាំងអស់បានសិក្សាក្បួនច្បាប់ត្រឹមត្រូវ ប៉ុន្តែក៏នៅមានមួយចំនួនតូចបំផុត ដោយសារក្នុងពេលប្រតិបត្តិការមន្ត្រីមួយចំនួនមានបញ្ហាសុខភាពវិលមុខ ឬក៏បញ្ហាអ្វីផ្សេងជាដើម។ល។ តែយ៉ាងណាមន្ត្រីជំនាញនៅតែមិនទាន់កំណត់បាននៅឡើយ ជុំវិញករណីផ្ទុះនៅខេត្តឧត្តរមានជ័យនេះ។ លោក ទេព កល្យាណ ថ្លែងបញ្ជាក់ថា៖«[..]ក្នុងករណីផ្ទុះព្រឹកមិញនេះ យើងអត់ទាន់អាចសន្និដ្ឋានបានទេ ព្រោះអីយើងមានក្រុមចុះទៅស៊ើបអង្កេតសិន[..]»។

ទន្ទឹមនឹងដំណឹងក្រៀមក្រំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្ញើសារលិខិតរំលែកមរណទុក្ខ និងចាត់ទុកថា៖«ការបាត់បង់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាការបាត់បង់វីរជនដោះមីនដ៏អង់អាចក្លាហាន ដែលតែងតែលះបង់ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនមូលដ្ឋាន»។

តាមរបាយការណ៍ក្នុងឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម លើផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបបានចំនួន១២៥៦ចម្ការ ស្មើនឹងជិត​២០០គីឡូម៉ែត្រក្រឡា។ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន៩៩៨៧៤គ្រាប់ ក្នុងនោះមានមីនប្រឆាំងមនុស្សចំនួន ១៦១៥៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១៥៧គ្រាប់ មីនកែច្នៃចំនួន៤គ្រាប់ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនគ្រប់ប្រភេទចំនួន៧៥៤៩១គ្រាប់ រួមមានគ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់បែកចង្កោម។ ក្រៅពីនោះក៏មានប្រតិបត្តិការក្រោមទឹកផងដែរ ដោយសម្រេចបានលើផ្ទៃទឹក៤២០០ម៉ែត្រក្រឡា។របាយការណ៍ដដែលអះអាងថា ក្នុងរយៈពេលដូចគ្នានោះ មជ្ឈមណ្ឌលបានហ្វឹកហ្វឺនសិក្ខាកាមអ្នកបន្តវេន៨៤៣នាក់ និងគ្រូបច្ចេកទេសបានចំនួន៨៤នាក់ ពង្រឹងសមត្ថភាពលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗ។

ជាមួយគ្នានោះ កម្ពុជាបានបន្តសម្របសម្រួលការងារហ្វឹកហ្វឺន និងចែករំលែកបទពិសោធជាមួយបណ្តាប្រទេសមានបញ្ហាមីន គ្រាប់មិនទាន់ផ្ទុះរួមមាន ប្រទេសអ៊ុយក្រែន ប្រទេសកូឡុំប៊ី និងប្រទេសតំបនអាព្រិកមួយចំនួនផងដែរ៕



















 

Post a Comment

Previous Post Next Post

Technology